[ListLayout]
×

Galaxy S20 Ultra ក្លាយទៅជាទូរសព្ទឆ្លាតដំបូងគេបង្អស់ អាចប្រើកាមេរ៉ា 108MP និងបើក HDR ក្នុងពេលតែមួយ

យើងបានដឹងហើយថា  នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ Unpacked 2020 ក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញនូវទូរសព្ទឆ្លាតលំដាប់កំពូល ម៉ូឌែលខ្ពស់ផុតលេខ ស្ថិតនៅក្នុងត្រកូល S20 របស់ខ្លួនជាផ្លូវការ ដោយវាមានឈ្មោះជាផ្លូវការថា Galaxy S20 Ultra។ ទូរសព្ទឆ្លាតលំដាប់កំពូលរបស់ Samsung មួយនេះ បានធ្វើឲ្យមនុស្សជុំវិញពិភពលោក ចាប់អារម្មណ៍នឹងវាយ៉ាងខ្លាំង ព្រោះថា Galaxy S20 Ultra បានវេចខ្ចប់មកជាមួយលក្ខណៈសម្បត្តិ ក៏ដូចជាមុខងារពិសេសៗជាច្រើន។ ក្នុងនោះដែរ ផ្នែកកាមេរ៉ាបានចូលរួមចំណែកមួយយ៉ាងធំ ធ្វើឲ្យ Galaxy S20 Ultra ទទួលបានការកើតសរសើរមិនដាច់ពីមាត់ ពីសំណាក់ភ្នាក់ងារសារព័ត៌មានបច្ចេកវិទ្យា ក៏ដូចជា YouTuber ល្បីៗជាច្រើន។

គួរបញ្ជាក់ផងថា Galaxy S20 Ultra ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ទំហំ 40MP អាចថតវីដេអូបានក្នុងកម្រិត 4K 60fps និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនដើមទំហំ 108MP, មួយគ្រាប់គឺជាលេនទូលាយ (Ultra-Wide 120 ដឺក្រេ) ទំហំ 12MP កម្រិត Apeture f/2.2, មួយគ្រាប់គឺជាលេន Telephoto ទំហំ 48MP ( Space Zoom : អាចធ្វើការពង្រីក Hybrid Optical Zoom បាន 10 ដង និង Digital Zoom បានដល់ទៅ 100 ដង) និងមួយគ្រាប់ចុងក្រោយគេ គឺជា Depth Vision។ អ្វីដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺថាកាមេរ៉ាក្រោយរបស់ Galaxy S20 Ultra មានសត្ថភាពអាចធ្វើការថតវីដេអូបានក្នុងកម្រិតរហូតដល់ទៅ 8K 24fps ឯណោះ។ បើនិយាយទៅដល់ កាមេរ៉ាទំហំ 108MP ខ្ញុំជឿថា មានប្រិយមិត្តមួយចំនួនប្រាកដជា និយាយថាវាគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថាយើងក៏ធ្លាប់ឃើញវត្តមានកាមេរ៉ាទំហំ 108MP បង្ហាញខ្លួននៅលើទូរសព្ទឆ្លាតដទៃពីមុនមកដែរ តួយ៉ាងដូចជា Xiaomi Mi Note 10 ជាដើម។ ប៉ុន្តែដូចដែលយើងបានដឹងហើយថា នៅពេលដែលយើងប្រើប្រាស់កាមេរ៉ា 108MP របស់ Xiaomi Mi Note 10 ដើម្បីធ្វើការថត យើងមិនអាចបើកមុខងារ HDR ឲ្យដំណើរការបាននោះទេ។ ប៉ុន្តែសម្រាប់ Galaxy S20 Ultra វិញ គឺមិនដូចទៅនឹង Xiaomi Mi Note 10 នោះឡើយ ដោយ Galaxy S20 Ultra អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការថត ដោយប្រើប្រាស់កាមេរ៉ា 108MP ព្រមទាំងអាចបើកមុខងារ HDR ក្នុងពេលតែមួយថែមទៀតផង។ ដូច្នេះមានន័យថា Galaxy S20 Ultra ក្លាយទៅជាទូរសព្ទឆ្លាតដំបូងគេបង្អស់ អាចប្រើកាមេរ៉ា 108MP និងបើកមុខងារ HDR ក្នុងពេលតែមួយ។ 

ក្រៅពីផ្នែកកាមេរ៉ា ផ្នែកអេក្រង់, កម្លាំងម៉ាស៊ីន និងថាមពលថ្ម ក៏ជាផ្នែកមួយដ៏សំខាន់ ដែលធ្វើឲ្យ Galaxy S20 Ultra លេចធ្លោផងដែរ ដោយ Galaxy S20 Ultra បំពាក់មកជាមួយអេក្រង់លាត Infinity-O ទំហំ 6.9 អ៊ីញ ខ្នាត 20:9 ជាប្រភេទ Dynamic AMOLED 2X អាចបង្ហាញរូបភាពបានក្នុងកម្រិត QHD+ ជាមួយដង់ស៊ីតេអេក្រង់ 511ppi។ កាន់តែពិសេសទៀតនោះ គឺបន្ទះបង្ហាញរបស់ Galaxy S20 Ultra មានអេក្រង់ Refresh Rate រហូតដល់ទៅ 120Hz ជាមួយល្បឿនប៉ះសម្គាល់ (Touch Sensitivity) ដល់ទៅ 240Hz និងអាចគាំទ្របច្ចេកវិទ្យា HDR10+ ជាមួយកម្រិតទឹកពណ៌ DCI-P3 100% ថែមទៀតផង។ ចំពោះកម្លាំងម៉ាស៊ីន Galaxy S20 Ultra ប្រើប្រាស់បន្ទះឈីប Snapdragon 865 / Exynos 990 ទំហំ 7nm គួបផ្សំជាមួយជម្រើស RAM ទំហំ 12/16GB ជាប្រភេទ LPDDR5 និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/512GB ជាប្រភេទ UFS 3.0។ Galaxy S20 Ultra បំពាក់ជាមួយថ្មទំហំធំរហូតដល់ទៅ 5,000 mAh ព្រមទាំងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំងរហូតដល់ទៅ 45W និងបច្ចេកវិទ្យាសាកថ្មឥតខ្សែជំនាន់ថ្មី (Fast Wireless Charing 2.0) ព្រមទាំងបច្ចេកវិទ្យាចែករំលែកថ្ម (Wireless PowerShare)។
ប្រភព ៖Cambo-report

Comments