ក្រោយពីមានការបែកធ្លាយសំឡេងឆាត និងមានការបញ្ជូនតៗគ្នាជាច្រើនថា ក្រុមគ្រូពេទ្យចិនដែលទើបមកដល់កម្ពុជា បានតម្រូវឲ្យ «ដុសធ្មេញនឹងអំបិល៣ដង/ថ្ងៃ រួចផឹកទឹកតាមក្រោយអាចសម្លាប់ COVID-19បាន»។ តើការលើកឡើងដូចនេះត្រឹមត្រូវដែរឬទេ?
វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានប្រាប់ Helloគ្រូពេទ្យ ថានោះជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ គ្មានមូលដ្ឋានច្បាស់លាស់ឡើយ ហើយលោកវេជ្ជបណ្ឌិតបានណែនាំឲ្យប្រជាជនយើងជឿលើសេចក្ដីប្រកាសរបស់អង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាលប៉ុណ្ណោះ។
ការលើកឡើងគ្មានប្រភពច្បាស់លាស់ នាំឲ្យមានការចលាចល និងធ្វើឲ្យអ្នកឆ្លៀតឱកាសមួយចំនួនគេងចំណេញក្នុងពេលជ្រួលច្របល់។ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះសំណូមពរឲ្យអ្នកតាមដានព័ត៌មានទាំងអស់មើលសេចក្ដីប្រកាសតាមផេកក្រសួងសុខាភិបាល និងអ្នកមានចំណេះដឹងផ្នែកភាសាតាមដានការផ្សាយរបស់អង្គការសុខភាពពិភពលោក ព្រោះជាអ្នកទទួលខុសត្រូវសុខភាពប្រជាជន។
ជាចុងក្រោយលោកវេជ្ជបណ្ឌិតបានបញ្ជាក់ពីការថែរក្សាអនាម័យខ្លួនប្រាណឲ្យបានខ្ជាប់ខ្ជួនលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជេល រស់នៅស្អាត បរិភោគអាហារសម្បូរជីវជាតិ ហាត់ប្រាណទៀងទាត់ ដើម្បីជួយឲ្យប្រព័ន្ធភាពស៊ាំរាងកាយដំណើរការល្អអាចប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។
្ប្រភពអត្ថបទ៖ Helloគ្រូពេទ្យ
Comments
Post a Comment