[ListLayout]
×

តារាចម្រៀង ដួង វីរ:សិទ្ធ សម្ដែងការសោកស្ដាយចំពោះដំណឹងមរណភាពរបស់ម្ចាស់បទ «ស្នេហ៍ក្នុងសុបិន» លោក នី សាលឿន

(ភ្នំពេញ) ចម្រៀងល្បីៗជាច្រើន រួមទាំងបទ «ស្នេហ៍ក្នុងសុបិន» ផងនោះ ត្រូវបានទស្សនិកជនខ្មែរនិយមស្តាប់គ្រប់ទិសទី រហូតមកទល់នឹងបច្ចុប្បន្ននេះ ក៏នៅតែល្បីល្បាញ និងពេញនិយមស្តាប់រហូតមក ដែលជាស្នាដៃចម្រៀង របស់អ្នកចម្រៀងជើងចាស់ខ្មែរមួយរូបគឺ លោក នី សាលឿន។ យ៉ាងណាមិញនៅរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា នេះមានដំណឹងសោកស្តាយមួយ ដោយលោក នី សាលឿន បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយសាររោគាពាធ នៅសហរដ្ឋអាមេរិក។



ជាមួយគ្នានេះផងដែរ លោក ដួង វីរៈសិទ្ធក៏បានម្ដែងការសោកស្ដាយចំពោះការបាត់បង់របស់អ្នកចម្រៀងជើងចាស់ លោកក៏បានសរសេរនៅលើផេកផ្លូវការបស់លោកថា « ថ្ងៃនេះខ្ញុំបាទបានទទួលដំណឹងដ៏សែនក្រៀមក្រំ ថាលោក ពូ នី សាលឿន ម្ចាស់បទស្នេហ៍ក្នុងសុបិន ដែលខ្ញុំបាទបានយកមកច្រៀងឡេីងវិញបានទទួលលាចាកលោកទៅហេីយក្មួយពិតជារន្ធត់ចិត្ត និង សោកស្ដាយក្រៃលែងជាការបាត់បង់រៀមច្បងសិល្បករដែលពោរពេញដោយទេពកោសល្យសិល្បៈ របស់ ប្រទេសជាតិយេីង ..ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ លោក ពូ នី សាលឿន ផង និងសូមអោយវិញ្ញាណក្ខន្ធលោកពូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ ...សំឡេងដ៏ក្រអួនក្រអៅរបស់លោកពូនៅតែស្ថិតក្នុងបេះដូងកូនខ្មែរគ្រប់ជំនាន់ ជារៀងរហូត ខ្ញុំបាទសូមឱនកាយគោរពវិញ្ញាណក្ខន្ធលោក ពូ នី សាលឿន ពីចម្ងាយសូមក្រុមគ្រួសារ លោកពូ នី សាលឿន ទទួលការគោរពដ៏ខ្ពង់ខ្ពស់ពី ខ្ញុំបាទ ដួង វីរ:សិទ្ធ ដោយ អនុគ្រោះ ផង ..»

តារាចម្រៀង លោក នី សាលឿន បានបន្សល់ទុកនូវចម្រៀងពីរោះៗជាច្រើនបទ មហាជននៅតែស្តាប់រហូតដល់សព្វថ្ងៃ រួមមាន បទ ចំប៉ីកំពង់ចាម , វាសនាអ្នកនេសាទ, ដងស្ទឹងឡូវ៉ែល , ស្នេហ៍ក្នុងសុបិន និង បទបងស្រឡាញ់តែអូន ជាដើម។ ការទទួលមរណភាពរបស់តារាចម្រៀងជើងចាស់ខ្មែរ នី សាលឿន បានធ្វើឲ្យប្រិយមិត្តអ្នកនិយមស្តាប់ចម្រៀងរបស់លោក សម្តែងក្តីសោកស្តាយយ៉ាងខ្លាំង ត្បិតលោកបានបន្សល់ស្នាដៃចម្រៀងជាច្រើន សុទ្ធសឹងតែពីរោះ និងមានការគាំទ្រច្រើន។





ដំណឹងកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារនៃសពរបស់លោក នី សាលឿន ពីចំងាយ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


Comments