[ListLayout]
×

កាន់តែកៀកជិតដល់ថ្ងៃការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៣ហើយ

ភ្នំពេញ៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ការតាំងពិព័ណ៌យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) នឹងចាប់ផ្ដើមហើយ ដោយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃពេញ គឺនៅមូលដ្ឋានទ័ពអាកាស ពោធិ៍ចិនតុង រាជធានីភ្នំពេញ នាថ្ងៃទី១៧ ១៨ និង១៩ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយការខកខាន ដោយសារជំងឺរាតត្បាតសាកលកូវីដ១៩ កាលពីឆ្នាំ២០២០។ 

ដោយឡែក នេះគឺជាលើកទី៣ ក្នុងការបង្កើតឱ្យមានព្រឹតិ្តការណ៍តាំងពិព័ណ៌នេះឡើង ក្នុងគោលបំណង ដើម្បីលើកស្ទួយវិស័យយន្តហោះ និងបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែទូលំទូលាយ និងមានភាពរីកចម្រើន ព្រមទាំងបង្កើតបរិយាកាសកាន់តែងាយស្រួល ក្នុងការទទួលបានចំណេះដឹងថ្មីៗ បទពិសោធ និងការវិវត្តន៍ផ្នែកបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ដល់អ្នកចូលរួមទស្សនាផងដែរ។



ទន្ទឹមនោះ សម្រាប់ឆ្នាំនេះ កម្មវិធី Air & Tech Show  គឺតម្រូវឲ្យអ្នកដែលចង់ ចូលរួមទស្សនា ការតាំងពិព័រណ៍ ធ្វើការចុះឈ្មោះ អនឡាញ Online Registration ចំពោះការចុះឈ្មោះ គឺធ្វើឡើងដោយឥតគិតថ្លៃ និងបើកឱ្យចូលរួមទស្សនាពិព័រណ៍ដោយសេរី។

គួររំឭកផងដែរថា កម្មវិធីនេះ មិនត្រឹមតែការតាំងពិព័រណ៍យន្តហោះ និងការតាំងបង្ហាញស្នាដៃបច្ចេកវិទ្យាពីសំណាក់សិស្សនិស្សិតប៉ុណ្ណោះទេ ក៏ប៉ុន្តែ កម្មវិធីក៏បានរៀបចំនូវការប្រកួតចំនួនពីរផងដែរ គឺការប្រកួតយន្តហោះកៅស៊ូ និងរ៉ូបូតមនុស្សយន្ត ដែលសមាសភាពបេក្ខជនចូលរួម គឺត្រូវបានជម្រើសចម្រាញ់ចេញពីសិស្សវិទ្យាល័យ និងនិស្សិតនៅមហាវិទ្យាល័យ ដែលមានទេពកោសល្យ និងសមត្ថភាពផ្នែកយន្តហោះ និងបច្ចេកវិទ្យាផងដែរ។



គួរបញ្ជាក់ថា ពិព័រណ៍យន្តហោះ និងបចេ្ចកវិទ្យា ត្រូវបានបង្កើត និងរៀបចំឡើង ដោយក្រុមយុវជនកម្ពុជា មកពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានចំណង់ចំណូលចិត្ត លើមុខវិជ្ជាយន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។ ព្រមទាំងបានផ្តួចផ្តើមឱ្យមានការតាំងពិព័ណ៌យន្តហោះ និងបច្ចេកវិទ្យា រួមទាំងមានការប្រកួតក្នុងការបង្កើតស្នាដៃថ្មីៗពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ 

យ៉ាងណាមិញសម្រាប់ឆ្នាំនេះ កម្មវិធី Air & Tech Show គឺតម្រូវឲ្យអ្នកដែលចង់ចូលរួមទស្សនាការតាំងពិព័រណ៍ ធ្វើការចុះឈ្មោះអនឡាញ ​Online Registration តាមរយៈតំណភ្ជាប់នេះ៖ https://www.airandtech.show/registration

អត្ថបទ៖ សិកា

Comments