[ListLayout]
×

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:រៀបចំសិក្ខាសាលា ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រនិងសិល្បៈ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ..២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឆ្នូ ឆ្នាំ២០២១ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ និងអនុសញ្ញាផ្សេងៗទាក់ទងនឹងសិទ្ធិអ្នកនិពន្ធ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត និងប្រតិភូជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលាឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា សិក្ខាសាលានេះ រៀបចំឡើងគឺក្នុងគោលបំណងផ្សព្វផ្សាយពីខ្លឹមសារច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រនិងសិល្បៈនិងសន្ធិសញ្ញាទីក្រុងប៉េកាំងស្តីពីការសម្តែងសោតទស្សន៍ដែលកម្ពុជាបានចូលជាភាគី ជូនទៅដល់បុគ្គលិក សាស្ត្រចារ្យ និងប្អូនៗ និស្សិត ឱ្យបានយល់ដឹងកាន់តែទូលំទូលាយនូវចំណេះដឹងបន្ថែមអំពី សិទ្ធិអ្នកនិពន្ធ។ ហើយអង្គសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសចំពោះប្អូនៗនិស្សិត ព្រោះជាការផ្តល់នូវចំណេះដឹងថ្មីៗ ដែលជាពុទ្ធិ និងបទពិសោធន៍ល្អៗ សម្រាប់យកទៅអនុវត្តជាក់ស្តែង និងផ្សព្វផ្សាយបន្តនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ទៅដល់ការបង្កើតថ្មីនូវស្នាដៃវប្បធម៌ច្រើនទៀត។




ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមមានប្រសាសន៍បន្តទៀតថារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចូលជាភាគីនៃសន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិដែលសំខាន់ៗពាក់ព័ន្ធសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលរួមមានៈ

-  សន្ធិសញ្ញាទីក្រុងប៉េកាំង ស្តីពីការសម្តែងសោតទស្សន៍ នឹងបានតម្កល់លិខិតតុបករណ៍ នៅទីស្នាក់ការកណ្តាលនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ទីក្រុងហ្សឺណែវ, ប្រទសស្វីស។

-  អនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្តនិងសិល្បៈ ទើបបានបញ្ជូនលិខិតុបករណ៍ ទៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោកកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថ្មីៗនេះ ហើយពិធី តម្តល់លិខិតុបករណ៍នឹងប្រារព្ធឡើងនាក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា។




ឯកឧត្តមក៏បញ្ជាក់ផងដែរថា ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រនិងសិល្បៈ កម្ពុជានឹងទទួលបានផលប្រយោជន៍បីសំខាន់ៗរួមមានៈ (ទី១)ផ្នែកវប្បធម៌ៈកម្ពុជានឹងទទួល បានការពង្រឹងសមត្ថភាពធនធានមនុស្សដែលជាអ្នកបង្កើតនូវគំនិតប្រាជ្ញា អាចអភិបាលសភាពការណ៍ លើកតម្លៃវប្បធម៌និងការពារនូវអត្តសញ្ញាណជាតិឱ្យកាន់តែខ្ពស់ថែមទៀតនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ (ទី២)ផ្នែកសេដ្ឋកិច្ចៈ ទាក់ទាញការវិនិយោគផ្នែកវប្បធម៌ធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ចូលទៅក្នុងពិភពលោកនិងទាញផលចំណេញនៃផលិតផលវប្បធម៌ជូនជាតិ, និង(ទី៣)ផ្នែកសង្គមៈ បង្កើតការងារកាត់បន្ថយភាពក្រីក្រ ពង្រឹងនីតិរដ្ឋ និងជាសង្គមប្រកបដោយចំណេះដឹង។ តួនាទីទាំងបីនេះ ស្របនឹងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ ក្នុងចតុកោណទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ចមុំទី២ ការ អភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះនិងថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

សូមជម្រាបថា អង្គសិក្ខាសាលាខាងលើ ត្រូវបានរៀបចំដោយនាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

អត្ថបទៈ លោកប៊ុនថន សុខាណារិទ្ធ

រូបភាពៈ លោក ត្រឡុង បូរិន

Comments