[ListLayout]
×

លោកសាស្ត្រាចារ្យ កែវ សុនន្ទកវី ជាគ្រូបង្វឹកនៃក្រុមជយលាភីលេខ១ ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ ទាំងពីររដូវកាល

ភ្នំពេញ៖ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ វគ្គផ្ដាច់ព្រ័ត្រ ក្រោមប្រធានបទ "សិល្បៈបុរាណចម្រុះ" បានបញ្ចប់កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះបានរកឃើញជយលាភីទាំង៣ក្រុម ដែលសុទ្ធសឹងជាបេក្ខជនឆ្នើម ប្រឹងប្រែងពុះពារតាំងពីវគ្គដំបូង ដល់វគ្គចុងក្រោយ។

ក្នុងនោះ ក្រុមដែលទទួលបានពានរង្វាន់ជយលាភីលេខ១ គឺក្រុមទេពបទុមវង្សពិណពាទ្យ មកពីរាជធានីភ្នំពេញ ជាក្រុមតន្ត្រីបុរាណពិណពាទ្យប្រមូលផ្ដុំទៅដោយយុវជនក្មេងៗ និងទទួលបានការបង្វឹកចាប់តាំងពីវគ្គកំពូលទាំង១២ ពីសំណាក់គ្រូបង្វឹកវង់ភ្លេង គឺលោកសាស្ត្រាចារ្យ កែវ សុនន្ទកវី។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា កូនក្រុមរបស់លោកគ្រូ កែវ សុនន្ទកវីក្នុងកម្មវិធីវង់តន្ត្រីខ្មែរ កាលពីរដូវកាលទី១ ក៏ជាជ័យលាភីលេខ១ ផងដែរ ក្រោមវិញ្ញាសា "វង់ភ្លេងការបុរាណខ្មែរ" គឺក្រុមកេរមរតកដូនតា មកពីរាជធានីភ្នំពេញ។



សូមបញ្ជាក់ផងដែរថា កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ដែលត្រូវបានផ្ដួចផ្ដើម និងបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានបែងចែកជា ៩ដំណាក់កាល ដោយចាប់ផ្ដើមចេញពី () ដំណាក់កាលផ្សព្វផ្សាយ កម្មវិធីបទសម្ភាសគណៈកម្មការមេប្រយោគ និងដាក់ពាក្យចូលរួមប្រកួត () វគ្គជម្រើសដំបូង តាមរយៈវីដេអូដំបូងរបស់បេក្ខភាពក្រុម និងទោល () វគ្គតម្រង់ទិស () វគ្គជម្រុះដោយគណៈកម្មការ () វគ្គកំពូលទាំង២០ () វគ្គកំពូលទាំង១២ () វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ () វគ្គជម្រុះចុងក្រោយដោយការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ និងមហាជន តាមរយៈវីដេអូរបស់ក្រុមប្រកួតលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ៤០% បូកជាមួយពិន្ទុពីគណៈកម្មការមេប្រយោគ ៦០% () និងចុងក្រោយគឺវគ្គផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកជយលាភីលេខ១ លេខ២ និងលេខ៣។





កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ នេះផងដែរ រៀបចំឡើងក្នុងគោលបំណង៖ ចូលរួមលើកកម្ពស់ ថែរក្សា ការពារសិល្បៈ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ដែលជាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយឧបករណ៍តន្ត្រីខ្មែរទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ និងបរទេសបានស្គាល់ឲ្យកាន់តែច្រើន។ ជាមួយគ្នានេះ កម្មវិធីវង់តន្ត្រីខ្មែរ ក៏បានលើកតម្លៃ និងសម្រស់នៃឧបករណ៍បុរាណ និងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយតម្រូវឲ្យបេក្ខជនចូលរួមប្រកួត រៀបចំខ្លួន ស្លៀកពាក់ទៅតាមទម្រង់ ស្រស់ស្អាតតាមបែបប្រពៃណីបុរាណខ្មែរក្នុងអំឡុងពេលប្រកួត។

អត្ថបទ៖ សិកា

Comments