[ListLayout]
×

អាជ្ញាធរជាតិអប្សរាត្រៀមរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ រយៈពេល៣ថ្ងៃក្នុងខែធ្នូនេះ

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា អាជ្ញាធរជាតិអប្សរានឹងរៀបចំពិធីរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។

ឯកឧត្តមបន្តថា កម្មវិធីនេះ នឹងរៀបចំនៅមុខ ប្រាសាទអង្គរវត្ត បរិវេណខាងមុខប្រាសាទភ្នំបាខែង និងព្រះលានជល់ដំរីដោយរៀបចំឱ្យមានទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៍ បង្ហាញសមិទ្ធផលការងាររយ:ពេល២៩ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា និងស្នាដៃសិល្បៈផ្សេងៗដែលជាទំនៀមទម្លាប់ប្រពៃណី កម្មវីធីសម្តែងសិល្បៈ ដូចជា ការសម្តែងល្ខោនស្បែកធំ ល្ខោនបាសាក់ដែលសុទ្ធតែមានសារសំខាន់សម្រាប់បង្ហាញជូនសាធារណជនទស្សនា និងកម្មវិធីរាប់បាតព្រះសង្ឃផងដែរ។ 









សូមជម្រាបដែរថា ពិធីរំលឹកគុណអង្គរ គ្រោងនឹងរៀបចំឡើងជារៀងរាល់ឆ្នាំ នាឆ្នាំបន្តបន្ទាប់ដោយយកឆ្នាំ២០២១នេះ គឺជាឆ្នាំសាកល្បង ដែលព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ ការបង្ហាញពីពិធីបែបសាសនាផ្សេងៗ និងការបង្ហាញអំពីសមិទ្ធផលការងារជាច្រើន ដែលអាជ្ញាធរជាតិអប្សរាបានខិតខំធ្វើនាពេលកន្លងមកក្នុងការអភិវឌ្ឍន៍អង្គរសម្រាប់ជនរួមជាតិទាំងមូល៕

អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ

រូបភាព៖លោក ហាប់ គឹមអាន

Comments