[ListLayout]
×

អបអរសាទរ ទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន

នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក .ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកជំទាវ យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ( Siem Reap ASEAN City of Culture ) នៅមុខប្រាសាទអង្គរតូច។ 


ចូលរួមនាឱកាសនោះដែរ មានឯកឧត្តមលោកជំទាវ ដែលអញ្ជើញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ  ភ្ញៀវអន្តរជាតិដែលជាអង្គទូត  សហភាពសហពន្ធ័យុវជនកម្ពុជាខេត្តសៀមរាប ព្រមទាំងអស់លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូបទៀត។




ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមានការចូលរួមពីផ្នែកឯកជន Cambodian Arts and Festival Enterprise បានបង្កើតព្រឹត្តិការណ៍វប្បធម៌នេះឡើងដោយមានរយៈពេល៣ថ្ងៃដើម្បីអបអរសាទរ ទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន ដោយមានកម្មវិធីសិល្បៈជាច្រើនមានដូចជា៖ ការបង្ហោះខ្លែងឯកខ្មែរ ពិព័រណ៍គំនូរបុរាណ ពិព័រណ៍តម្បាញសូត្រខ្មែរ មហោស្រពដណ្តាំស្លម្ហូបខ្មែរ ទិវាអំណាន ការគូររូបតាមដងផ្លូវ ការសូត្រកំណាព្យ ការជួបផ្ទាល់ជាមួយសិល្បករនិងសិល្បការិនី និងកម្មវិធីសិល្បៈចម្រុះជាច្រើនទៀតដែលបានរៀបចំនៅក្នុងក្រុងសៀមរាប ព្រមទាំងមានការផ្សាយផ្ទាល់តាមហ្វេសប៊ុកផេករបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទៀតផង។







សូមជម្រាបជូនដែរថា ដោយយោងតាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្ប: តាមអនឡាញពេលដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២០កន្លងមក បានកំណត់យកក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានចាប់ពីឆ្នាំ២០២០-២០២២។ 


អត្ថបទ: នាយកដ្ឋានសិល្បៈទស្សនីយភាព

រូបភាព: នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌

Comments