[ListLayout]
×

ដំណើរសិល្បៈរួមគ្នារបស់ SWSB (ក្រុមតូច) ត្រូវបានបញ្ចប់ហើយ

ភ្នំពេញ៖ដំណើរសិល្បៈអស់រយៈពេល៩ឆ្នាំមកនេះ របស់Small World Small Band ដែលតែងតែកំដរអារម្មណ៌មិត្តអ្នកស្ដាប់នៅបទចម្រៀងជាច្រើនទម្រង់ និងជាច្រើនរសជាតិ  

យ៉ាងណាមិញ នៅថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ ២០២១ នេះ ក្រុម SWSB បានប្រកាសបញ្ចប់ក្រុមរបស់ខ្លួនហើយ ដោយបានប្រកាសនៅលើ Facebook Page របស់ SWSB ថា«ថ្ងៃនេះក្រុមតូច សូមជូនដំណឹងដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នាថា «ដំណើរសិល្បៈ ៩ឆ្នាំ (២០១២-២០២១) របស់ SmallWorld SmallBand ក្រុមតូច ត្រូវបានបញ្ចប់» នៅថ្ងៃនេះហើយ។ យ៉ាងណាមិញ នេះមិនមែនជាទីអវសាន នៃតន្ត្រីរបស់សមាជិកនីមួយៗក្នុងក្រុមតូចនោះឡើយ។ ពួកយើងនៅតែបន្តដំណើរសិល្បៈបន្តទៀត តែរៀងៗខ្លួនក្នុងពេលអនាគត។ ពួកយើងនៅតែជាមិត្តភក្តិ អ្នកស្រលាញ់ និងគាំទ្រតន្ត្រី។ ពួកយើងនៅតែបន្តផលិតស្នាដៃបន្ថែមជូនដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នា។ 



ឆ្លៀតក្នុងឱកាសពេលនេះ ក្រុមតូច សូមអរគុណបុគ្គលគ្រប់រូប ស្ថាប័ន ក្រុមហ៊ុននានា ដែលបានចូលរួមដំណើរសិល្បៈ ជាមួយក្រុមតូច តាំងពីថ្ងៃដំបូងមក ដល់ថ្ងៃនេះ។ 




អរគុណដល់សមាជិកក្រុមនីមួយៗ ក្នុងក្រុមតូច ដែលបានក្លាយជាគ្រួសារទី២ របស់យើង។ ដោយសារតែតន្ត្រី បានធ្វើអោយពួកយើងជួបគ្នា។ ដោយសារតែស្រលាញ់ បានធ្វើអោយពួកយើងនៅជាមួយគ្នា។ 



អរគុណដល់អ្នកគាំទ្រទាំងអស់ បើពុំមានអ្នកទាំងអស់គ្នាទេ ម៉្លោះអី វត្តមានក្រុមតូចពិតគ្មានន័យអ្វីនុះឡើយ។ អ្នកទាំងអស់គ្នាជាកំលាំងចិត្ត។ ក្រុមតូចស្រលាញ់អ្នកទាំងអស់គ្នាណាស់។ ពួកយើងសំណាងណាស់ ដែលមានអ្នកគាំទ្រដូចអ្នករាល់គ្នា។ »

ហើយក្រុមតូចក៏បានបញ្ចក់បន្ថែមទៀតថា «សង្ឃឹមថាដំណឹងនេះ មិនមែនជាដំណឹងមិនល្អសំរាប់អ្នករាល់គ្នា តែផ្ទុយទៅវិញ នេះជាដំណឹង សំរាប់ការបើកទំព័រថ្មី នៃដំណើរតន្ត្រីថ្មី ពីសមាជិកក្រុមតូច»

អត្ថបទ៖ សេម

រូបភាព៖ FB: SWSB

Comments