[ListLayout]
×

យុទ្ធសាស្ត្រសាងមូលដ្ឋានគ្រឹះសម្រាប់កុមារ

 ថ្ងៃទី មិថុនាជាថ្ងៃទិវាកុមារអន្តរជាតិ International Children’s Day នៃឆ្នាំ២០២១ តើមានមនុស្សប៉ុន្មាននាក់ដែលចាប់អារម្មណ៍ជាមួយទិវាមួយនេះ? ថ្ងៃនេះដែរដំណឹងកម្ពុជា និងលើកយកប្រធានបទមួយដែលទាក់ទងជាមួយការអប់រំកុមារនៅកម្ពុជា ក្រោមប្រធានបទ «យុទ្ធសាស្ត្រសាងមូលដ្ឋានគ្រឹះសម្រាប់កុមារ» ដែលមានវត្ថមាន ម៉ាដាម ឧសភា ជាអ្នកសម្របសម្រួល និងមានកិត្តិយសទទួលបាន ការចូលរួមចែករំលែកពី អ្នកស្រី សុវណ្ណនី  អ្នកស្រីជាគឺជាបុគ្គលដ៏សំខាន់ដែលចូលខ្លួនមកចែករំលែកអំពីយុទ្ធសាស្ត្រក្នងការសាងមូលដ្ឋានគ្រឹះសម្រាប់កុមារ ជាបទពិសោធន៍ផ្ទាល់ ដែលអ្នកស្រីបានចិញ្ចឹមកូនៗទាំងពីររបស់អ្នកស្រី បានយ៉ាងល្អ ក្លាយទៅជាក្មេងដែល ឆ្លាតវ៉ៃ ពូកែ និងគួរជាទីស្រលាញ់របស់មនុស្សជុំវិញ ស្របពេលដែលអ្នកស្រី មានការមមាញឹកយ៉ាងខ្លាំងជាមួយការប្រកបការងារប្រចាំថ្ងៃរបស់អ្នកស្រី ចំណុចទាំងនេះហើយដែលធ្វើអោយមនុស្សជាច្រើនបានដាក់ រហ័សនាមអោយអ្នកស្រីថា អ្នកម្តាយឆ្លាតវ៉ៃ។ ​​​​​​


អ្នកស្រីបានមានប្រសាន៍ថា សម្រាប់បងមិនមានបទពិសោធអីច្រើននោះទេ ត្រឹមជាម្តាយធម្មតាម្នាក់ដែលចិញ្ចឹមកូនតាមការស្វែងយល់ពីចរិកលក្ខណៈផ្ទាល់របស់កូនៗ និងបរិយាកាសជុំវិញខ្លួនប៉ុណ្ណោះ។ សម្រាប់បងផ្ទាល់ត្រឹមតែចង់ឃើញកូនៗ ធំធាត់ប្រកបដោយសុខភាពល្អមាំមួន បញ្ញាស្មារតីរឹងមាំ និងជាក្មេងដែលមានសុជីវធម៌ចំពោះអ្នកនៅជុំវិញខ្លួន មិនថាអ្នកនោះជានរណាមានឋានៈជាអ្វី និយាយរួមគឺចង់អោយពួកគាត់ចេះផ្តល់តម្លៃ និងការគោរពចំពោះអ្នកដ៏ទៃ ផ្តល់ការគោរពចំពោះមនុស្សជុំវិញ និង ទទួលបានការគោរព ពីមនុស្សជុំវិញត្រឡប់មកវិញដូចគ្នា។  ហើយអ្វីដែលអ្នកស្រី តែងតែប្រទះឃើញ និងឆ្លងកាត់បទពិសោធន៍កន្លងមក ការពិតទៅការចិញ្ចឹមកូនមិនខុសពីយើងដាំដើមឈើនោះទេ។ យើងត្រូវគិតតាំងពីការជ្រើសរើសពូជ ការជ្រើសរើសពេលវេលា ឬរដូវកាល ការជ្រើសរើសថ្នាល ឬទីតាំង ការដាក់ជី ពួនគល់ ជ្រោយដី ចាក់ទឹក។ ល។

រូបភាព អ្នកស្រី សុវណ្ណនី និងគ្រួសារ

ការជ្រើសរើសពូជសម្រាប់កូន គឺសំដៅដល់ការថែទាំសុខភាពរបស់អ្នកដែលជាឪពុកម្តាយមុនពេលចាប់ផ្តើម ចង់បានកូនព្រោះកាយសម្បទារបស់យើងសំខាន់ណាស់សំខាន់ការបង្ករកំណើតដល់កូន។ បងឃើញថា ឪពុកម្តាយខ្លះគាត់អត់បានគិតដល់រឿងទាំងនេះទេ  ចុងក្រោយកូនៗ គឺជាអ្នករងផលប៉ះពាល់ដោយផ្ទាល់ មានឪពុកម្តាយខ្លះក៏រវល់តែមើលថែទាំកូនដែលគ្នាកើតមកហើយតែមិនមានសុខភាពល្អ ឬកាយសម្បទាទន់ខ្សោយ ខាតទាំងពេលវេលា និងថវិការជាច្រើន និងប៉ះពាល់ដល់ប្រកបកិច្ចការងារប្រចាំថ្ងៃថែមទៀត។ 

ពេលវេលា ឬរដូវកាលគឺសំដៅដល់ពេលវេលាសមគួរដែរយើងអាចយកកូនបាន មិនមែននឹកឃើញចង់យកក៏យកនោះទេ។ បើយើងយកគាត់មកហើយ តើយើងអាចមានពេលវេលាសម្រាប់មើលថែគាត់ទេ? យើងអាចរកចំណូលមកផ្គត់ផ្គង់គ្រួសារបានទេ? ការជ្រើសរើសថ្នាល ឬទីតាំង ថាតើមុននឹងយើងបង្កើតគាត់មក យើងបានត្រៀមខ្លួនទទួលយកគាត់ឬនៅ? តើបរិយាកាសបែបណាដែលយើងចង់អោយកូនរបស់យើងទទួលបាន? ពេលគាត់ជិតគ្រប់អាយុចូលរៀន តើយើងគួរអោយគាត់រៀនអ្វីខ្លះ? នៅទីណា? យើងអាចធ្វើអ្វីបានខ្លះសម្រាប់គាត់? ការដាក់ជី ពួនគល់ ជ្រោយដី ចាក់ទឹក បើនិយាយពីចំណុចមួយនេះ គឺគិតចាប់ពីគាត់នៅក្នុងផ្ទៃយើងមកម្លេះ ម្តាយត្រូវដឹងថាខ្លួនគួរញាំអ្វីខ្លះដើម្បីជំនួយដល់ការលូតលាស់របស់កូន? ពេលកូនកើតមកហើយ តើយើងត្រូវអប់រំគាត់បែបណាដើម្បីអោយគាត់ក្លាយជាក្មេងល្អ ជាកូនល្អ។ពេលគាត់កើតមកហើយ យើងត្រូវលះបង់ពេលវេលាសប្បាយទាំងឡាយសម្រាប់មើលថែ និងផ្តល់ភាពកក់ក្តៅដល់គាត់ ទោះយើងរវល់ នឹងការងារ ឬរបរទទួលទានប្រចាំថ្ងៃក្តី តែត្រូវឆ្លៀតកំដរពួកគាត់ជាប្រចាំ ព្រោះថាកុមារអាយុក្រោម១០ឆ្នាំ គឺត្រូវការភាពកក់ក្តៅពីគ្រួសារដោយផ្ទាល់ មិនថាការរស់នៅប្រចាំថ្ងៃ ការសិក្សារៀនសូត្រនោះទេ។ ពួកគាត់ប្រៀបបាន នឹងកូនឈើអញ្ជឹងត្រូវការរបងហុំព័ទ្ធការពារភ្លៀងខ្យល់ ឬការបំផ្លាញដោយបរិយាកាស មនុស្សសត្វនៅខាងក្រៅ។ ត្រូវការការអប់រំណែនាំជាប្រចាំថ្ងៃ គឺមិនខុសពីការដាក់ជី ជ្រោយដី ពួនគល់ និងចាក់ទឹកនោះទេ។ យើងមិនអាចចាក់ទឹកច្រើនពេក ខ្លាចវារលួយគល់ មិនអាចជ្រោយដីខ្លាំងពេកខ្លាចវាប៉ះពាល់ដល់ឫសកែវ ស្មៅដែលដុះមករំខានដល់ការលូតលាស់ យើងត្រូវដកចោល មែកណាដុះច្រងែងច្រងាងយើងត្រូវកាប់ចោល។  កុមារនឹងធំលូតលាស់ប្រកបដោយបញ្ញាស្មារតីល្អ និងមានភាពឆ្លាតវៃ ក្លាហានតែមិនជោរ មិនមានចរិក ឈ្នានីស ឬចិត្តច្រណែននឹងនរណាឡើយ បើពួកគេទទួលបានភាពកក់ក្តៅពេញលេញពីគ្រួសារ។ បរិយាកាសនៃការរស់នៅទៀតសោធក៏ជាកត្តាដែលជួយជំរុញដល់ការលូតលាស់របស់កុមារផងដែរ។ ចំពោះការរៀនសូត្រក៏មិនខុសគ្នាដែរ ម្តាយឪពុក ឬអាណាព្យាល ត្រូវតែចំណាយពេលវេលាជួយបង្ហាត់បង្រៀនកូនបន្ថែមនៅផ្ទះ និងមើលថែកូនៗដោយផ្ទាល់ពិសេសពេលពួកគាត់នៅតូចរហូតដល់គាត់បញ្ចប់ថ្នាក់បឋមសិក្សា ព្រោះមូលដ្ឋានគ្រឹះនៃការសិក្សាពីតូចសំខាន់ណាស់សម្រាប់កូន។ បើយើងមិនចង់អោយកូនខ្លាចសាលា ស្អប់ការរៀនសូត្រ យើងត្រូវជួយគាត់រហូតដល់គាត់ចេះអានចេះសរសេរ នោះគាត់នឹងងាយយល់ពីមេរៀនទៅថ្នាក់លើៗ ហើយគាត់សប្បាយចិត្ត និងស្រលាញ់ចំពោះការសិក្សារបស់គាត់។

រូបភាពកូនស្រីរបស់ អ្នកស្រី សុវណ្ណនី
សូមរំលឹកផងដែរថា ឪពុកម្តាយ ឬអាណាព្យាបាលទាំងឡាយ សូមកុំពឹងតែលើគ្រូតែខាងម្ខាង គ្រូគាត់មិនអាចមើលបានគ្រប់សព្វនោះទេ កូនគឺជាកូនរបស់យើងដូច្នេះ ក្នុងនាមយើង ជាឪពុកម្តាយ ឬអាណាព្យាលចាំបាច់ត្រូវតែជួយបំពេញបន្ថែមនូវកង្វះខាតរបស់កូន។ កុំបណ្តោយ ឬគិតថាកូននៅតូចមិនអីទេ តែធំតិចទៅគាត់ចេះ មិនសូវខ្វល់ខ្វាយពីកូន ប្រឹងតែរកលុយអោយគាត់រៀន ឬទុកគាត់ចោល អោយប្រឹងរស់នៅបែបធម្មជាតិ រងចាំធំ ចាំប្រដៅណែនាំ  

ការគិតបែបនេះគឺខុសទាំងស្រុង កុមារត្រូវការការមើលថែទាំដិតដល់បំផុតពេលគាត់នៅតូចៗនេះហើយ។ បើគាត់ចូលវ័យជំទង់ ឬអាចរស់បានដោយខ្លួនឯង គាត់លែងត្រូវការការប្រដៅណែនាំពីយើងទៀតហើយ ដូចជាដើមឈើអញ្ចឹង បើវាដុះលូតផុតពីរបងហុំព័ទ្ធ ឬផុតពីមាត់គោក្របីហើយ គឺវាអាចប្រឹងរស់បានដោយខ្លួនវាហើយ។កុមារតូចៗគាត់មានការចងចាំល្អៗជាមួយគ្រួសារនៅចន្លោះអាយុក្រោម១០ឆ្នាំ។ បរិយាកាសជុំវិញខ្លួនគាត់ពេលគាត់នៅតូចនេះហើយ ដែលវាចងក្រងបានជាចរិកលក្ខណៈ ចិត្តគំនិតរបស់គាត់នៅពេលពេញវ័យ។ បើយើងទំលាប់អោយកូនយើងដើរលេងរហេតរហូត គ្មានទិសគ្មានតំបន់ ទៅណាមកណាមិនប្រាប់ឬអោយដំណឹងអ្នកផ្ទះនោះ ពេលគាត់ធំឡើង គាត់នឹងមានទំលាប់បែបនេះរហូត។ បើគេអោយអីហូបគាត់ចេះតែទទួលហូបដោយគ្មានការអនុញ្ញាតពីឪពុកម្តាយជាមុន នោះគាត់ នឹងមិនមានរបៀបត្រឹមត្រូវក្នុងការហូបចុកឡើយ អីក៏ហូបបាន អីក៏រស់បាន។ បើគាត់លេងអីក៏បាន មើលទូរស័ព្ទ ឬលេងហ្គេមតាមចិត្ត នោះគាត់នឹងមិនស្រលាញ់ការសិក្សាឡើយ។ បើទំលាប់អោយគាត់ធ្វើ ឬយកអីដោយគ្មានការអនុញ្ញាតនោះ គាត់ នឹងមានទំលាប់ប៉ះពាល់របស់គេដោយមិនបានដឹងថាវាជារឿងមិនល្អ គាត់អាចខឹងគេទៀតពេលគេថាអោយ។ ការងារផ្ទះក៏ដូច្នេះដែរគាត់ និងមិនចង់ធ្វើអ្វីទាំងអស់ គាត់ដឹងតែពីធ្វើអ្វីដែលសប្បាយៗងាយៗ។ បើមានអ្នកនៅជាមួយ ឪពុកម្តាយ ឬអាណាព្យាបាល គួរបង្រៀនកូនអោយចេះគោរពនិងផ្តល់តម្លៃដល់អ្នកនៅជុំវិញខ្លួន ដើម្បីអោយកូនមានទំលាប់ល្អ ចេះគោរពនិងផ្តល់តម្លៃដល់មនុស្សគ្រប់គ្នា។ ពេលគាត់ធំឡើងគាត់ នឹងក្លាយជាមនុស្សជាទីគោរពស្រលាញ់ និងជាទីកក់ក្តៅចំពោះមនុស្សនៅជុំវិញគាត់។ ចំពោះរឿងរៀនសូត្រក៏ដូច្នេះដែរ ឪពុកម្តាយ ឬអាណាព្យាបាល គួរតែបណ្តុះកូនអោយចេះស្រលាញ់អ្វីមួយពីតូច ឬត្រូវរៀនសង្កេត និងតាមដានមើលថាតើកូនចូលចិត្តអី តើអ្វីដែលកូនធ្វើទៅមានប្រយោជន៍ និងផ្តល់ភាពរីករាយដល់គាត់។ចំពោះកូនៗបងផ្ទាល់បងមិនអប់រំកូនអោយធ្វើជាមនុស្សកោងកាច មើលស្រាលអ្នកដ៍ទៃ និងពិសេសមិនអោយគាត់យកជីវិតគាត់ទៅប្រៀបធៀបនឹងនរណាម្នាក់ឡើយ ក៏មិនអោយគាត់ចង់ឈ្នះ ចង់ចាញ់ជាមួយនរណាដែរ តែក៏បង្រៀនគាត់មិនអោយចាំតែទទួលខុសនោះដែរ បើគាត់មិនខុសត្រូវចេះតតាំង តែបើមានមិត្តមកលេងឬភ្ញៀវមកលេងផ្ទះទោះគេលេងខ្សែលើយើងបន្តិចក្តី យើងអត់អោន និងសម្របតាមទៅព្រោះគេជាភ្ញៀវ។ បងតែងរំលឹកកូនជារើយៗ កូនត្រូវចាំទុកថាបើកូនមិនចូលចិត្តអត្តចរិករបស់គេ ឬគិតថាទង្វើរទាំងនោះមិនល្អ អញ្ជឹងកូនកុំរៀនតាម ហើយពេលកូនទៅលេងផ្ទះគេកូនកុំធ្វើដូចគេនោះ កូនត្រូវចេះគោរពសិទ្ធិគេជាម្ចាស់ មិនត្រូវបំពានគេទេ។


មួយវិញទៀតបងតែងអោយកូនបានដើរ និងស្គាល់សង្គមខាងក្រៅជាមួយបង និងគ្រួសារជាហូរហែរ យើងទៅកន្លែងណា ចូលរួម ឬជួបជាមួយនរណាក្តី។ បងចង់អោយកូនបានស្គាល់ពីសង្គមខាងក្រៅបានរៀនសូត្រ និងស្វែងយល់ពីមនុស្សនៅជុំវិញខ្លួន។ បើទៅតាមខេត្តគាត់ត្រូវសម្របខ្លួនរស់នៅតាមបែបជីវិតនៅជនបទ ហើយបងអោយគាត់លេងជាមួយបងប្អូនសាច់ញាតិ ឬក្មេងៗគ្រប់គ្នាដែលនៅក្បែរគាត់ ឬចង់លេងជាមួយគាត់ បងមិនដែលហាមកូននោះទេ លើកលែងតែការលេងទាំងនោះវាបង្ករជាគ្រោះថ្នាក់ទើបបងហាមគាត់។ បងឃើញថាកូនបង គាត់បានរៀនសូត្រ និងស្វែងយល់ពីអត្តចរិកអ្នកនៅជុំវិញគាត់បានលឿន និងសម្របខ្លួនបានល្អ។ អ្វីដែលសំខាន់គាត់មិនចេះប្រកាន់ ឬរើសអើង នឹងនរណាម្នាក់ឡើយ។ តែវាក៏អាចមានផលប៉ះពាល់ខ្លះៗ ដែរបើយើង មិនលួចអង្កេតមើល ឬសាកសួរកូនក្រោយពីគាត់លេងចប់ជាមួយក្មេងៗដទៃទៀត។បងសោកស្តាយណាស់ដែលឃើញកុមារតូចៗ ត្រូវឪពុកម្តាយ ឬអាណាព្យាបាល បណ្តែតបណ្តោយមិនយកចិត្តទុកដាក់ចំពោះគាត់ ដល់កូនធំបន្តិចអោយគ្នា ឈប់រៀន អោយរៀបការទាំងដែលមិនទាន់បានត្រៀមខ្លួន ឬអោយចេញទៅរកលុយទាំងវ័យកំពុងសិក្សា។ វាហាក់ដូចជាការដាំដើមឈើមិនថែទាំ ពេលដើមកំពុងលូតលាស់ក៏មកកាប់បំផ្លាញ ឬប្រញាប់ប្រមូលផលទាំងដែលកំពុងពេញលូតលាស់។ ចំណែកឪពុកម្តាយខ្លះទៀត គិតតែប្រឹងរកលុយ មិនបានគិតគូរដល់កូនៗ និងការរៀនសូត្ររបស់ពួកគេនោះទេ ដឹងតែហុចលុយអោយយកទៅចាយ យកទៅរៀន ដល់កូនធំឡើង មិនចេះគ្រប់គ្រង់ជីវិត មិនចេះដោះស្រាយបញ្ហាក្នុងជីវិតក៏បន្ទោសកូន ទាំងដែលខ្លួនជាអ្នកដាក់ជីជ្រុល ជ្រោយដីដល់ដាច់ឫសអស់ ត្រូវខ្យល់តិចតួចដូលរលំ ចាក់ទឹកដល់ជោរជាំរលួយគល់អស់។
រូបភាពអ្នកស្រី សុវណ្ណនី

តើមានឪពុកម្តាយ ឬអាណាព្យាបាលប៉ុន្មាននាក់ដែលកំពុងធ្វើបែបនេះ? សូមបញ្ឈប់ជាបន្ទាន់ បើមិនចង់អោយការខិតខំប្រឹងប្រែងរកលុយមកចិញ្ចឹមកូនៗ របស់អ្នកក្លាយជាអសារបង់ ព្រោះតែអ្នកបណ្តោយអោយខូចកូនអស់ ក្លាយជាក្មេងដែល វ៉កនិងហ្គេម ចូលចិត្តដើរលេង សេពគប់មនុស្សមិនល្អ មានស្នេហាទាំងវ័យក្មេងជ្រុលដើរផ្លូវខុសប្រពៃណី មានជំងឺខ្លាចសង្គម មានជំងឺបាក់ទឹកចិត្ត ចង់សម្លាប់ខ្លួនជាដើម។ សម្ធិផលដែលកូនៗអ្នកទទួលបាន គឺកើតចេញពីទង្វើរ និងការអប់រំរបស់អ្នក។ អ្នកត្រូវតែជាកញ្ចក់ដែលឆ្លុះបញ្ចាំងអោយកូនៗ បានឃើញពីរូបភាពដែលជួយជំរុញ ដល់ការរីកចម្រើនរបស់កូនៗ។

សូមថ្លែងអំណរគុណដល់អ្នកស្រី សុវណ្ណនី  ដែលបានចំណាយពេលចែករំលែក យុទ្ធសាស្រ្តដ៏សំខាន់ និងមានខ្លឹមសារទាំងអស់នេះមកកាន់ ដំណឹងកម្ពុជា។ នាងខ្ញុំ ម៉ាដាម ឧសភា សង្ឃឹមយ៉ាងមុតមាំថា ឪពុកម្តាយ និងអាណាព្យាបាលដទៃទៀតនៅក្នុងប្រទេសកម្ពុជា បានស្វែងយល់កាន់តែច្បាស់អំពី យុទ្ធសាស្រ្តសាងមូលដ្ឋានគ្រឹះសម្រាប់កុមារធ្វើអោយកុមារក្លាយទៅគ្រឹះដ៏រឹងមាំរបស់ប្រទេសជាតិ លុបបំបាត់ទាំងស្រុងចំពោះ មនុស្សមួយចំនួនដែលមិនបានជួយអ្វីដល់ការរីកចម្រើនរបស់ប្រទេសជាតិ គិតតែនាំគ្នាបំពល់សង្គម។ បើមិនឃើញរូបភាពបែបនេះបន្តទៀតទេ មានតែយើងជាឪពុកម្តាយ ឬអាណាព្យាបាលនេះហើយ ដែលអាចបង្ហាត់បង្ហាញផ្លូវកូនៗ យើងទាំងអស់គ្នាបាន។ សម្រាប់សំណួរ និងការបញ្ចេញមតិយោបល់ចែករំលែកផ្សេងៗ សូមខមិននៅខាងក្រោមនេះ។

អត្ថបទដោយ៖ កញ្ញា ម៉ាដាម ឧសភា

រក្សាសិទ្ធដោយ៖ ដំណឹងកម្ពុជា_CambodiaNews

Comments