[ListLayout]
×

កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ទីបំផុតឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ!

ភ្នំពេញ៖ ឆ្លងកាត់នូវបេសកកម្មប្រកួតដ៏វែងឆ្ងាយ ចាប់តាំងពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មកដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ បានឈានមកកាន់វគ្គផ្ដាច់ព្រ័ត្រ និងបានរកឃើញបេក្ខជនជយលាភីទាំង៣ក្រុមផងដែរ។ ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះទៀតសោត បេក្ខជន៣ក្រុមដែលចូលប្រកួតបង្ហាញសមត្ថភាពរបស់ខ្លួន រួមមាន៖

. ក្រុមយុវជនល្ខោនខោលកម្ពុជា សម្ដែងរឿងរាមកេរ្តិ៍ ត្រង់ឈុត វីរភាពហនុមាន

. ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ ប្រគំបទ "ព្រះទីន័ង"

. ក្រុមទេពបទុមវង្សពិណពាទ្យ ប្រគំបទ "ព្រះទីន័ង"

កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ វគ្គផ្ដាច់ព្រ័ត្របានប្រព្រឹត្តទៅនៅស្ថានីយ៍ទូរទស្សន៍ BTV ស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។



ជាលទ្ធផល ក្រោយពីការយកចិត្តទុកដាក់ ផ្ដល់ពិន្ទុដ៏សុក្រឹតពីសំណាក់គណៈកម្មការមេប្រយោគ កម្មវិធីវង់តន្ត្រីខ្មែរក៏បានរកឃើញជយលាភី ដូចខាងក្រោមគឺ

. ជយលាភីលេខ១ ជាមួយប្រាក់រង្វាន់ចំនួន ១២លានរៀល បានទៅលើ ក្រុមទេពបទុមវង្សពិណពាទ្យ មកពីរាជធានីភ្នំពេញ

. ជយលាភីលេខ២ ជាមួយប្រាក់រង្វាន់ចំនួន ៨លានរៀល បានទៅលើ ក្រុមយុវជនល្ខោនខោលកម្ពុជា មកពីរាជធានីភ្នំពេញ

. ជយលាភីលេខ៣ ជាមួយប្រាក់រង្វាន់ចំនួន ៤លានរៀល បានទៅលើ ក្រុមមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ មកពីខេត្តបន្ទាយមានជ័យ

ទន្ទឹមនឹងនេះ ក៏មានផ្ទាំងសិល្បៈទស្សនីយភាពនានា ដើម្បីជាការចូលរួមអបអរសាទរជាមួយកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ និងដើម្បីញ៉ាំងឲ្យកម្មវិធីក្នុងវគ្គផ្ដាច់ព្រ័ត្រឲ្យកាន់តែអធិកអធម និងឱឡារិក រួមមាន ល្ខោនព្រះរាជទ្រព្យ រឿងរាមសូរ មណីមេខលា ដែលសម្ដែងដោយនាដការី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការសម្ដែងពិសេស ឧបករណ៍តន្ត្រីខ្មែរចម្រុះ ដោយវង់ សុនន្ទកវីតន្ត្រីខ្មែរ និងប្រធានក្រុមវង់ភ្លេងការបុរាណខ្មែរ ជយលាភីលេខ១ កាលពីរដូវកាលទី១ នៃកម្មវិធីវង់តន្ត្រីខ្មែរ គឺបទ សូរតន្ត្រីប្រជាប្រិយខ្មែរ។




សូមបញ្ជាក់ផងដែរថា កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ បានបែងចែកជា ៩ដំណាក់កាល ដោយចាប់ផ្ដើមចេញពី () ដំណាក់កាលផ្សព្វផ្សាយ កម្មវិធីបទសម្ភាសគណៈកម្មការមេប្រយោគ និងដាក់ពាក្យចូលរួមប្រកួត () វគ្គជម្រើសដំបូង តាមរយៈវីដេអូដំបូងរបស់បេក្ខភាពក្រុម និងទោល () វគ្គតម្រង់ទិស () វគ្គជម្រុះដោយគណៈកម្មការ () វគ្គកំពូលទាំង២០ () វគ្គកំពូលទាំង១២ () វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ () វគ្គជម្រុះចុងក្រោយដោយការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ និងមហាជន តាមរយៈវីដេអូរបស់ក្រុមប្រកួតលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ៤០% បូកជាមួយពិន្ទុពីគណៈកម្មការមេប្រយោគ ៦០% () និងចុងក្រោយគឺវគ្គផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកជយលាភីលេខ១ លេខ២ និងលេខ៣។






លើសពីនេះ កម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ ដែលជាគំនិតផ្ដួចផ្ដើម និងបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង៖ ចូលរួមលើកកម្ពស់ ថែរក្សា ការពារសិល្បៈ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ដែលជាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយឧបករណ៍តន្ត្រីខ្មែរទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ និងបរទេសបានស្គាល់ឲ្យកាន់តែច្រើន។ ជាមួយគ្នានេះ កម្មវិធីវង់តន្ត្រីខ្មែរ ក៏បានលើកតម្លៃ និងសម្រស់នៃឧបករណ៍បុរាណ និងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយតម្រូវឲ្យបេក្ខជនចូលរួមប្រកួត រៀបចំខ្លួន ស្លៀកពាក់ទៅតាមទម្រង់ ស្រស់ស្អាតតាមបែបប្រពៃណីបុរាណខ្មែរក្នុងអំឡុងពេលប្រកួត។

Comments